អញ្ចាញធ្មេញ ប្រៀបដូចជាផ្ទះសម្រាប់ឲ្យធ្មេញជ្រកកោន។ អញ្ចាញធ្មេញដែលមានសុខភាពល្អ នឹងផ្តល់ជម្រកដ៏ល្អដល់ធ្មេញ និងធ្វើឲ្យធ្មេញមានអាយុកាលយូរអង្វែង។ សុខភាពអញ្ចាញធ្មេញ ជាបញ្ហាដែលមនុស្សភាគច្រើនតែងជួបប្រទះ ពិសេសអ្នកដែលមានវ័យលើសពី35ឆ្នាំ។
អញ្ចាញធ្មេញ ដែលមានសុខភាពល្អ គឺមិនមានការឈឺចាប់ពេលប៉ះទង្គិចដោយចំណីអាហារឬពេលដុសធ្មេញ ជាទូទៅសាច់អញ្ចាញមានពណ៌ផ្កាឈូក និងមានសភាពហាប់ណែនជាប់ធ្មេញ។ នេះ ជាលទ្ធផលនៃដំណើរការដ៏ល្អ របស់ជាលិកានៅក្នុងអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថា អាស៊ីត Hyaluronic Acid (H.A)។ អាស៊ីត H.A ជាសមាសធាតុដ៏សំខាន់ក្នុងការជួយឲ្យជាលិការអញ្ចាញធ្មេញមានសភាពស្រស់ស្រាយ និងកាត់បន្ថយការហើមឬចេញឈាមតាមអញ្ចាញធ្មេញ។
អាស៊ីត H.A ត្រូវបានគេរកឃើញនៅពាសពេញរាងកាយ ជាពិសេស វាមានច្រើននៅស្រទាប់ខាងក្រៅបំផុត នៃជាលិកាអញ្ចាញដែលមានសុខភាពល្អ។ វាជាសមាសធាតុខាប់អន្ធិលៗខ្លាំងហើយភ្ជាប់ម៉ូលេគុលទឹកបាន៥០ដងទំងន់របស់វា។ វាមានតួនាទីសម្របសម្រួលជាតិទឹកក្នុងជាលិកា និងត្រួតពិនិត្យដំណើរផ្លាស់ប្ដូរសារធាតុផ្សេងៗដែលមាននៅចន្លោះខាងក្រៅជាលិកា។ អាស៊ីត H.A មានសមត្ថភាពការពារអញ្ចាញធ្មេញពីមេរោគផ្សេងៗ។
ទម្រង់អាស៊ីត H.A ជេលដែលមានផ្ទុកអាស៊ីតH.A
អាស៊ីត H.A សំរាប់សុខភាពមាត់ធ្មេញៈ
- ប្រឆាំងនឹងជំងឺអញ្ចាញធ្មេញដែលបណ្ដាលមកពីមេរោគ និងជាតិពុល
- ជំរុញអោយមានការជួសជុលឡើងវិញនូវជាលិកាដែលខូចខាត
- ការពារជំងឺរលាកអញ្ចាញធ្មេញ និងរាក់ស៊ីធ្មេញ
- ព្យាបាលដំបៅក្នុងមាត់ ឬការរលាកផ្សេងៗ
- ផ្ដល់ភាពរឹងមាំនិងភាពយឺតល្អដល់សសៃចំណងជាលិកាជុំវិញអញ្ចាញធ្មេញ
- ផ្ដល់នូវការការពាររយៈពេលវែងនៃជាលិកាក្នុងមាត់
- រក្សា និងទ្រទ្រង់សុខភាពអញ្ចាញក្រោយពីដាំបង្គោលធ្មេញសិប្បនិមិត្ត
- ការពារបញ្ហាអញ្ចាញធ្មេញស្រត់ចុះ។
អាស៊ីត H.A ក៏ត្រូវបានគេយកមកព្យាបាល:
- ផ្នែកសើស្បែក: សម្រាប់ការព្យាបាលរបួសផ្នែកខាងក្រៅ
- ចក្ខុវិទ្យា: ត្រូវបានប្រើបន្ទាប់ពីការវះកាត់ភ្នែកឡើងបាយ
- សន្លាក់ឆ្អឹង: សម្រាប់ព្យាបាលរលាក់សន្លាក់ផ្សេងៗ។
អាស៊ីត H.A មាននៅក្នុងផលិតមួយចំនួនដូចជា ជេលប្រភេទលាប ឬទឹកខ្ពុលមាត់។
- ជេលលាប៖ លាបជេល នៅលើអញ្ចាញដោយញីថ្នមៗដោយប្រើសំឡី រឺម្រាមដៃ ដែលស្អាត ដើម្បីជួយសម្រួលថ្នាំអោយជ្រាបសព្វនៅលើផ្ទៃអញ្ចាញ។
- ទឹកខ្ពុលមាត់៖ សម្រាប់ការប្រើទឹកខ្ពុលមាត់មួយដង គួរប្រើនៅចន្លោះពី 5មីលីលីត្រ ទៅ10 មីលីលីត្រ និងបៀមទុករយៈពេល 1-2 នាទី។ សូមកុំលាយទឹកខ្ពុលមាត់ជាមួយទឹក។
បញ្ជាក់៖ រាល់ការប្រើប្រាស់ផលិតផល និងការព្យាបាល សូមធ្វើការពិគ្រោះជាមួយនឹងទន្តបណ្ឌិតជំនាញជាមុនសិន៕
រៀបរៀងដោយ៖ ទន្តបណ្ឌិត ទុយ ប៉ូលីវណ្ណឌី ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាខេត្តសៀមរាប
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic