ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។ ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនបន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖
ប្រការគួរធ្វើ ៖
- ត្រូវខាំស្បៃ (compress) ដែលពេទ្យអោយបានយ៉ាងតិច២០នាទី បើនៅមានហូរឈាម សូមខាំបន្តទៀត
- បៀមនិងខ្ពុលមាត់ជាមួយថ្នាំដែលពេទ្យអោយ ឬទឹកអំបិលក្តៅអ៊ុនៗបន្ទាប់ពី ២៤ម៉ោងក្រោយដកធ្មេញរួច
- ពិសារថ្នាំតាមវេជ្ជបញ្ជា អោយបានទៀងទាត់
- ត្រូវស្អំទឹកកករាល់ពេល ១០នាទីម្តង ក្រោយពេលវះកាត់រួចភ្លាម
- ដុសសម្អាតធ្មេញតាមធម្មតា តែត្រូវប្រយ័ត្ននៅត្រង់កន្លែងដែលបានដកធ្មេញ
- ទំនាក់ទំនងមកទន្តបណ្ឌិតភ្លាមៗ ក្នុងករណីមានការហូរឈាមខ្លាំង
ប្រការមិនគួរធ្វើ៖
- មិនត្រូវខ្ពុលមាត់ក្នុងកំឡុងពេល ២៤ម៉ោងក្រោយដកធ្មេញ
- មិនត្រូវយកម្រាមដៃ ឬអណ្តាតទៅប៉ះពាល់ នឹងជញ្ជក់កន្លែងធ្មេញដករួច
- មិនត្រូវពិសារស្រា និងបារីក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ
- មិនត្រូវលេងកីឡា ឬធ្វើការងារធ្ងន់ក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ
- មិនត្រូវបរិភោគទឹកក្ដៅ ឬខាំបបូរមាត់លេង ក្រោយពេលចាក់ថ្នាំស្ពឹក និងដកធ្មេញ
- មិនត្រូវប្រើថ្នាំ ASPIRIN សំរាប់បំបាត់ការឈឺចាប់
សំគាល់ ៖
- ការហូរឈាមតិចៗ អាចពន្យាពេលយូររហូតដល់ថ្ងៃបន្ទាប់
- តាមធម្មតា ក្រោយពេលវះកាត់រួចទំហំនៃការហើមអាចកើតមានរយៈពេលពី ១ថ្ងៃ ទៅ ៥ថ្ងៃក្រោយ
- ប្រសិនបើការវះកាត់ប្រើពេលយូរ ស្នាមជាំលើស្បែកអាចកើតមានពី ៣ទៅ ៤សប្តាហ៏៕
ទន្តបណ្ឌិត សុក សុភ័ណ មន្ទីរព្យាបាលធ្មេញបស្ចិម សាខាសៀមរាប
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic