ថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយដែលពាក់ព័ន្ធជាមួយនឹងជម្ងឺអញ្ចាញធ្មេញមកធ្វើការបកស្រាយពន្យល់ជូនបងប្អូនទាំងអស់ឲ្យបានយល់ដឹងថា តើអ្វីទៅជាជម្ងឺអញ្ចាញធ្មេញ? តើវាមានរោគសញ្ញាអ្វីខ្លះ? តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺអញ្ចាញធ្មេញ? និងវិធីបង្ការខ្លួនអ្នកឲ្យជៀសផុតពីជម្ងឺអញ្ចាញធ្មេញ។
1. តើអ្វីទៅជាជម្ងឺអញ្ចាញធ្មេញ?
ជម្ងឺអញ្ចាញធ្មេញចែកចេញជាពីរប្រភេទគឺ: ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញ។
- ជម្ងឺរលាកអញ្ចាញធ្មេញ: គឺវាបណ្ដាលឲ្យអញ្ចាញធ្មេញរបស់លោកអ្នកមានសភាពរលាកក្រហម និងមានសភាពហើម ប៉ុន្តែវាមិនធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធជុំវិញធ្មេញទេ។
- ជម្ងឺរលាកជាលិកាជុំវិញធ្មេញ: គឺវាបណ្ដាលឲ្យអញ្ចាញធ្មេញរបស់លោកអ្នកមានសភាពរលាក ក្រហម ហើម និងអាចមានខ្ទុះហូរចេញតាមអញ្ចាញធ្មេញ ហើយវាថែមទាំងធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធជុំវិញធ្មេញទៀតផង ដែលវាបណ្ដាលឲ្យធ្មេញរបស់លោកអ្នកមានសភាពរង្គើរ ហើយស្រៀវ។
2. តើជម្ងឺអញ្ចាញធ្មេញមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅ ជម្ងឺអញ្ចាញធ្មេញមានរោគសញ្ញាដូចជា:
- អញ្ចាញធ្មេញមានសភាពរលាក ក្រហម ហើម ពេលខ្លះអាចមានខ្ទុះតាមអញ្ចាញធ្មេញ
- មានឈាមហូរចេញតាមអញ្ចាញធ្មេញ
- ធ្មេញមានអាការ:ស្រៀវ ហើយចាប់ផ្ដើមរង្គើរ
- ធំក្លិនមាត់
- កំណាំធ្មេញមានការប្រែប្រួលខុសប្រក្រតី
- សណ្ដក់អញ្ចាញធ្មេញ។
3. តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺអញ្ចាញធ្មេញ?
លោកអ្នកអាចប្រឈមនឹងជម្ងឺអញ្ចាញធ្មេញបានគ្រប់ពេល ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការថែទាំ និងរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ។ ហើយកត្តាដែលធ្វើឲ្យអ្នកប្រឈមខ្លាំងនឹងជម្ងឺអញ្ចាញធ្មេញមានដូចជា:
- អ្នកមានផ្ទុកជម្ងឺទឹកនោមផ្អែម
- អ្នកជក់បារី
- កង្វះអនាម័យមាត់ធ្មេញ និងអាហារូបត្ថម្ភ
- តំណរពូជ
- កត្តាផ្លូវអារម្មណ៍ (Stress)
- ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំព្យាបាលជម្ងឺសម្ពាធឈាម និងថ្នាំពន្យាកំណើត
4. វិធីបង្ការខ្លួនអ្នកឲ្យជៀសផុតពីជម្ងឺអញ្ចាញធ្មេញ
ដើម្បីបង្ការខ្លួនអ្នកឲ្យជៀសផុតពីជម្ងឺអញ្ចាញធ្មេញ អ្នកគួរតែ:
- ដុសសម្អាតធ្មេញយ៉ាងតិចឲ្យបាន 2 ទៅ 3ដងក្នុងមួយថ្ងៃ
- ប្រើ Dental floss សម្អាតតាមចន្លោះធ្មេញយ៉ាងតិចឲ្យបានម្ដងក្នុងមួយថ្ងៃ
- ប្រើទឹកខ្ពុលមាត់ដែលគ្មានជាតិអាល់កុល បន្ទាប់ពីដុសធ្មេញរួច
- សម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម ត្រូវឧស្សាហ៍តាមដានមើលជាតិស្ករក្នុងខ្លួនជាប្រចាំ
- កាត់បន្ថយការបរិភោគអាហារដែលមានជាតិផ្អែមខ្ពស់
- កាត់បន្ថយការបរិភោគគ្រឿងស្រវឹង
- ត្រូវបញ្ឈប់ ឬកាត់បន្ថយ បើសិនអ្នកមានទម្លាប់ជក់បារីជាប្រចាំ។
- ធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតជំនាញរៀងរាល់ 6ខែម្តង។
រៀបរៀងដោយៈ ទន្តបណ្ឌិត ប៊ុន សុភាល័ក្ស ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic