យើងដឹងហើយថា ការថែទាំសុខភាពមាត់ធ្មេញមិនបានល្អពិតជាផ្តល់ផលវិបាកជាច្រើន ដល់សុខភាពមាត់ធ្មេញរបស់អ្នកដូចជាការមានក្លិនមាត់មិនល្អ ពុកធ្មេញ ការរលាកជាលិការជុំវិញធ្មេញ(រាក់ស៊ីធ្មេញ) ការរលាកអញ្ចាញធ្មេញ ឬភ្នាសក្នុងមាត់ និងរហូតដល់ការបាត់បង់ធ្មេញទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ វាអាច ផ្តល់ផលប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នកទៀតផងដូចជាៈ ជំងឺក្រពះ ពោះវៀន ជំងឺបេះដូង និងជំងឺផ្សេងៗទៀតផងដែរ។
ដោយឡែកក្នុងរយះពេលនេះ មានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល រហូតដល់មានការបិទខ្ទប់ប្រទេស និងទីក្រុងមួយចំនួន មិនអោយប្រជាជនធ្វើដំណើរឆ្លងកាត់ ឬមិនអោយចេញពីលំនៅដ្ឋាន ដើម្បីកាត់បន្ថយ និងបញ្ឈប់ការឆ្លងរាលដាលនៃជំងឺនេះ។ ដោយឡែក ពេទ្យធ្មេញគឺត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នមួយចំនួនផងដែរ។ ដូចនេះប្រជាជននៅតាមតំបន់ដែលត្រូវបានបិទខ្ទប់ ពិតជាពិបាកក្នុងការស្វែងរកសេវាកម្មព្យាបាលមាត់ធ្មេញខ្លាំងណាស់។ ក្នុងកាលៈទេសៈនេះ ការថែទាំសុខភាពមាត់ធ្មេញប្រចាំថ្ងៃ ពិតជាមានសារះសំខាន់ណាស់ ក្នុងការការពារ កុំអោយមានបញ្ហា ឬបង្ការកុំអោយបញ្ហាដែលមានហើយ វិវត្តន៍ទៅធ្ងន់ធ្ងរ មិនអាចស្រោចស្រង់បាន។
ខាងក្រោមនេះគឺជាការដែលត្រូវធ្វើ និងមិនត្រូវធ្វើ ដើម្បីថែទាំសុខភាពមាត់ធ្មេញអោយបានល្អ ជៀសឆ្ងាយពីបញ្ហា៖
- ដុសសម្អាតធ្មេញជាប្រចាំក្រោយពេលញ៉ាំអាហាររួច ឬយ៉ាងតិចងោយបាន ២ដង ក្នុងមួយថ្ងៃ ដោយច្រាស់ដុសធ្មេញ ថ្នាំដុសធ្មេញ និងវិធីសាស្រ្តអោយបានត្រឹមត្រូវ
- ប្រើអំបោះទាក់ធ្មេញ(Dental Floss) ឬម៉ាស៊ីនបាញ់ទឹកសម្អាតធ្មេញ(water floss) ដើម្បីសម្អាតកំទេចចំណីដែលតោងជាប់ផ្ទៃនៃធ្មេញ។
- ប្រើប្រាស់បន្ថែមនៅទឹកខ្ពល់មាត់ ដើម្បីជួយសំលាប់មេរោគ
- ជៀសវាងបរិភោគអាហារ និងភេសជ្ជៈ ណាដែលមានផ្ទុកជាតិស្ករច្រើន
- ជៀសវាងការបរិភោគចំណីអាហារ ដែលរឹងខ្លាំង ដែលអាចនាំអោយបែកបាក់ធ្មេញស្រោប និងធ្មេញធម្មជាតិរបស់អ្នក
- ជៀសវាងការពិសារភេសជ្ជៈ ដែលមានជាតិ Acohol(ស្រា ស្រាបៀរ…) ច្រើនដែលនាំអោយ PH ក្នុងមាត់ចុះទាប អាចនាំអោយមានការសិករិចរិលផ្ទៃធ្មេញ(Eroson)
- ជៀសវាងការជក់បារី ព្រោះជាបញ្ហាធំមួយដែលនាំអោយមានជំងឺរលាកជាលិកាជុំវិញធ្មេញ និងជុំវិញ Implant (បង្គោលធ្មេញក្នុងឆ្អឹង)
- ស្វែងរកការប្រឹក្សាយោបល់តាមប្រព័ន្ធអនឡាញ ជាមួយទន្តបណ្ឌិតជំនាញ ដើម្បីទទួលបាននូវការណែនាំបន្ថែម ទៅតាមបញ្ហារបស់អ្នក
- ត្រូវទៅពិនិត្យធ្មេញជាបន្ទាន់ ក្រោយពេលការបិទខ្ទប់ត្រូវបានបញ្ចប់ ឬពេលជំងឺឆ្លងអាចគ្រប់គ្រងបាន ដើម្បីព្យាបាលអោយបានទាន់ពេល នូវបញ្ហាសុខភាពមាត់ធ្មេញរបស់លោកអ្នក
រៀបរៀងដោយ៖ ទន្តបណ្ឌិត ជ័យ សុចិន្តា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic